កាលបរិច្ឆេទ: ០៣ ធ្នូ ២០២៣ / កសិកម្ម
សេចក្តីប្រកាសរបស់ក្រុមហ៊ុនខនហ្វីរេលស្តីពីគម្រោងនាំចេញម្សៅប្រហុកដែលត្រូវបានសារព័ត៌មាននានាយកទៅចុះផ្សាយក្នុងឱកាសប្រគល់ពានរង្វាន់ជ័យលាភីត្នោតមាស ឬ Thnot d’Or ២០២៣ ក្រោមប្រធានបទ ការបង្កើនគុណតម្លៃបន្ថែមលើត្រីប្រហុកដើម្បីធ្វើឱ្យផលិតផលនេះក្លាយជាផលិតផលនាំចេញ មិនបានរំលងពីក្រសែភ្នែករបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO)នោះទេ ខណៈពេលដែលអង្គការនេះកំពុងធ្វើការជាមួយនាយកដ្ឋានជលផលនៅកម្ពុជាដើម្បីនាំចេញផលិតផលជលផលទៅកាន់សហគមន៍អឺរ៉ុប។
ជាក់ស្តែង ជំនួបមួយរវាងលោក ថង រ៉ា អ្នកជំនាញការថ្នាក់ជាតិ ផ្នែកសុវត្ថិភាពម្ហូបអាហារនៃអង្គការ UNIDO និងលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាស្ថាបនិក និងប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល ត្រូវបានធ្វើឡើងកាលពីដើមខែកក្កដា ដើម្បីសិក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរួមគ្នា។
បច្ចុប្បន្ន អង្គការ UNIDO ធ្វើការជាមួយនាយកដ្ឋានជលផលនៃក្រសួងកសិកម្មដើម្បីបង្កើតប្រព័ន្ធធានាសុវត្ថិភាពចំណីអាហារ និងរៀបចំរចនាសម្ព័ន្ធត្រួតពិនិត្យលើផ្នែកច្បាប់ និងដំណើរការនៃការត្រួតពិនិត្យការនាំចេញផលិតផលជលផល។
លោក ថង រ៉ា មានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ៖ «បច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានអាជ្ញាប័ណ្ណឱ្យនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុបនៅឡើយទេ គឺត្រូវរង់ចាំការចុះត្រួតពិនិត្យលើកទីមួយរបស់សវនករអឺរ៉ុបដែលនឹងចុះមកធ្វើសវនកម្មនៅឆ្នាំ២០២៤ជាមុនសិន»។
មុននឹងថ្ងៃធ្វើសវនកម្មមកដល់អង្គការ UNIDO បានផ្តល់ជំនួយដល់ក្រុមហ៊ុនឯកជនខ្មែរចំនួន ២៨ ក្រុមហ៊ុន ជាមួយនឹងទឹកប្រាក់ពីបីម៉ឺន ទៅដប់ម៉ឺនដុល្លារអាមេរិក សម្រាប់កែលម្អប្រព័ន្ធផលិតរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងស្តង់ដារសុវត្ថិភាពចំណីអាហារ។
ការនាំចេញម្សៅប្រហុកគឺជាការរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ផលិតផលនេសាទនៅកម្ពុជា។ ដើម្បីសម្រេចគម្រោងនេះបាន ក្រុមហ៊ុនខនហ្វីរេលបានគ្រោងថា នឹងទទួលទិញត្រីប្រហុកពីសហគមន៍នេសាទនៅទន្លេសាប។
លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង មានប្រសាសន៍ថា៖ «យើងនឹងរៀបចំកន្លែងមួយសម្រាប់អ្នកធ្វើត្រីប្រហុកនៅសហគមន៍នេះ នៅរដូវត្រីប្រហុក ដើម្បីបង្កភាពងាយស្រួលដល់ពួកគាត់ក្នុងការបំពេញការងារប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់»។
លោកឧកញ៉ាឱសថបណ្ឌិតសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ និងពីអាជ្ញាធរក្នុងការអភិរក្ស និងគ្រប់គ្រងឱ្យមាននិរន្តរភាពនៃធនធានមច្ឆាជាតិ ព្រោះថា «បើវត្ថុធាតុដើមមិនគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ជាប្រចាំ នោះការនាំចេញត្រីប្រហុកនឹងត្រូវបរាជ័យ»។
ក្រោយពីប្រជុំពិភាក្សារួចហើយ អង្គការ UNIDO បានចុះទស្សនាទីតាំងដែលក្រុមហ៊ុនខនហ្វីរេលបម្រុងទុកប្រើប្រាស់ដើម្បីធ្វើជាកន្លែងផលិតម្សៅប្រហុក។ អ្នកជំនាញការផ្នែកបច្ចេកទេសរបស់អង្គការ UNIDO នឹងចុះធ្វើការវាយតម្លៃលើថវិកាសម្រាប់វិយោគលើទីតាំងផលិតឲ្យសមស្របទៅនឹងស្តង់ដារអឺរ៉ុបផ្នែកសុវត្ថិភាពចំណីអាហារ៕